អង្គព្រះទ្រង់ញាណមានតេជៈ
សម្ដែងប្រាប់ព្រះអានន្ទថា
រទេះដែលចាស់បរទៅណា ទៅបានដោយសារអបឫស្សី។
តថាគតចាស់គ្រាំគ្រាហើយ ម្នាលអានន្ទអើយមានមាំអី
ដូចរទេះចាស់អបឫស្សី វស្សាឆ្នាំថ្មីប៉ែតសិបហើយ។
ក្រោយព្រះអានន្ទទ្រង់ចេញផុត ពីព្រះសាម្ពុទ្ធមិនយូរឡើយ
ក្រោយភត្តាហារថ្ងៃត្រង់ហើយ មារមិនកន្តើយគាល់សាស្ដា។
ឆ្នាំម្សាញ់ខែមាឃថ្ងៃអាទិត្យ ពេញបូណមីពិតថ្ងៃនោះណា
ព្រះអង្គទ្រង់ដាក់អាយុសង្ខារ ចំពោះមុខមាគ្រានោះឯង។
នៅនាបាវាលចេតិយ ក្បែរវេសាលីក្រៅកំផែង
កក្រើកធរណីគ្រប់កន្លែង ផ្គរលាន់ខ្វាត់ខ្វែងខ្ទរអាកាស។
ក្រោយមកភិក្ខុជួបជុំគ្នា អង្គព្រះភគវាទ្រង់បានត្រាស់
សម្ដែងគាថាអស្ចារ្យណាស់ រំលឹកយ៉ាងច្បាស់ត្រាស់ឱវាទ។
ទ្រង់បានត្រាស់ថាសង្ខារទាំងឡាយ តែងតែអន្តរាយវិនាសខូចខាត
ចូរអ្នកទាំងឡាយកុំបីប្រមាថ ប្រឹងប្រែងសង្ខាតឲ្យសម្រេចការ។
ភាជន៍ដែលស្មូនឆ្នាំងដំដុតដោយដី តូចក្ដីធំក្ដីឆៅឆ្អិនយ៉ាងណា
ចុងក្រោយរមែងតែងមានកិរិយា បែកធ្លាយធម្មតានេះជាការពិត។
យ៉ាងណាជីវិតសព្វសត្វនិករ ក្មេងចាស់មានក្រពាលឬបណ្ឌិត
ចុងក្រោយរមែងតែងតែស្លាប់ពិត បាត់បង់ជីវិតក៏យ៉ាងនោះដែរ។
ជីវិតតថាគតមានប្រមាណតិច គោរពពាក្យពេចន៍ឥតគេចកែប្រែ
ពីថ្ងៃនេះទៅនៅត្រឹមបីខែ តថាគតត្រូវតែបរិនិព្វាន។
បីខែកន្លងយ៉ាងឆាប់រហ័ស សែនសោកស្ដាយណាស់ព្រះទ្រង់ញាណ
វេលាជិតភ្លឺទ្រង់ចូលឈាន ហើយចូលនិព្វានកណ្ដាលព្រៃ។
ក្នុងខែពិសាខថ្ងៃអង្គារ ឆ្នាំម្សាញ់វេលាចុងរាត្រី
ថ្ងៃដប់ប្រាំកើតពេញបូណមី បរិស័ទប្រុសស្រីជុំត្រៀបត្រា។
ទីទ្រង់និព្វាននោះតាំងនៅ ក្បែរផ្លូវទៅក្រុងកុសិនារា
រាំងភ្នំមួយគូរសាលព្រឹក្សា មានផ្ទាំងសិលានៅចន្លោះ។
កុំថាឡើយមនុស្សសោយសោកា សូម្បីទេវតាស្ថានទាំងអស់
យំសោកបោកប្រាណស្ដាយស្រណោះ លាន់កក្រើកអស់ភពផែនដី។
ទីទ្រង់និព្វាននោះឥឡូវ មានស្ដូបតាំងនៅល្អប្រិមប្រិយ
សម្គាល់ទីដែលព្រះជិនស្រី និព្វានលើដីកុសិនា។
ក្នុងស្ដូបមានបដិមាថ្ម កសាងយ៉ាងល្អគួរជ្រះថ្លា
តំណាងព្រះសពព្រះសាស្ដា ស្ដូកស្ដឹងកាយាសែនអាសូរ។
អ្នកទៅដល់ពិតចិត្តដិតជាប់ ឃើញដូចព្រះសពនៅជ្រងោ
មានស្បង់ចីវរថ្វាយផ្លាស់ប្ដូរ ទឹកនេត្រាហូរនឹកព្រះអង្គ។
នឹកហាក់ដូចជានៅថ្មីៗ នឹកព្រះជិនស្រីប្រោសស្រោចស្រង់
នឹកដល់ព្រះធម៌ល្អផូរផង់ នឹកដល់ព្រះសង្ឃអង្គសាវ័ក។
ចាប់តាំងអំពីថ្ងៃនេះទៅ សូមដើរតាមផ្លូវព្រះអារិយៈ
ក្រោមម្លប់ព្រះធម៌ដ៏ត្រជាក់ ផុតពីអន្ទាក់នៃពួកមារ។
សូមឲ្យលោកអ្នកបានសូត្រស្ដាប់ ប្រវត្តិសាស័ព្ទព្រះភគវា
បានសុខចម្រើនគ្រប់ៗគ្នា កុំបីឃ្លាតឃ្លាគ្រាណាឡើយ៕
No comments:
Post a Comment